WELCOME TO MY DIARY… :D

ចាំស្នេហ៍

ចាំស្នេហ៍
តែងនិពន្ធដោយ អឿន សុខន
០៤ ឧសភា ២០១៣
———
ចាំស្នេហ៍ពិត ចិត្តស្នើស្នាល ស្និទ្ធស្នេហ៍ស្នង
ចាំស្នេហ៍ផ្សង បងបានបី បាច់បមបោស
ចាំស្នេហ៍អូន នួនស្មត់ស្មើ ស្ម័គ្រស្មានស្មោះ
ចាំស្នេហ៍ខ្ចោះ ទោះក្រក្រី ក្រៃក្រំក្រៀម ។

ចាំស្នេហ៍មួយ ជួយគ្រប់គ្រង គ្រាគ្រាកគ្រាំ
ចាំស្នេហ៍មុំ ពុំលួចលេង លាយលាក់លៀម
ចាំស្នេហ៍ថ្លៃ ស្រីស្ងើចស្ងួន ស្ងប់ស្ងាត់ស្ងៀម
ចាំស្នេហ៍ត្រៀម ភ្លាមរួតរះ រួមរុងរឿង ។

397784_579984918702232_709289311_n[1]

 

សូមអូនវិលវិញ
តែងនិពន្ធដោយ អឿន សុខន
០២ ឧសភា ២០១៣
——–
១. អារម្មណ៍អួអាប់ រសាប់រសល់
ចិត្តព្រួយកង្វល់ ខ្វល់ម្ចាស់ស្នេហា
បាត់ដំណឹងឈឹង មិនដឹងទៅណា
ទុកបងឯកា កណ្ដាលភពស្ងាត់ ។

២. រៀមគេងគិតព្រួយ ម្ចាស់ត្រួយដឹងទេ
ហេតុម្ដេចមាសស្នេហ៍ ប្រែឃ្លាតស្ងាត់ៗ
ដាច់ចិត្តចោលបង ឥតប្រាប់មួយម៉ាត់
បងរែងស្ទើស្លាប់ ព្រោះបាត់រូបអូន ។

៣. សូមវិលវិញមក ពន្លកស្នេហ៍អើយ
ឱ្យបងបានស្បើយ ឈប់រីងស្រពោន
បន្ដស្នេហ៍យើង ទៀតណាមាសស្ងួន
ពីរនាក់ពៅអូន លុះសូន្យមរណា ។

3540_579033962130661_2132961549_n[1]

តើពិតឬទេ?
តែងនិពន្ធដោយ អឿន សុខន
២៧ មេសា ២០១៣
———-
១. អូនថាស្នេហ៍ តែចិត្តពិត គិតយ៉ាងណា?
កុំសោះណា ក្លាលេងល្បែង ក្លែងស្រឡាញ់
ឱ្យបងឈ្លក់ វក់ងប់ងល់ ខ្វល់ខ្នក់ខ្នាញ់
ចិត្តត្របាញ់ ចាញ់ក្ដីស្នេហ៍ ដែលលេងសើច ។

២. អូនថានឹក រលឹកបង ផ្សងយប់ថ្ងៃ
ឬចរណៃ ច្នៃបន្លំ ផ្សំបញ្ចើច
ខ្លួនសប្បាយ កាយរីករាយ លាយលាក់សើច
ទុកឱ្យខ្លោច ហើចហិនចិត្ត ត្បិតលួចស្មោះ ។

៣. បងពេលហ្នឹង ដឹងទេថ្លៃ រៃអំពល់
បងមិនយល់ ឆ្ងល់មាសឆ្អិន មិនស្រណោះ
បងស្ម័គ្រពិត ចិត្តក្នុងខ្លួន ជូនទាំងអស់
ស្នេហ៍ស្រីស្រស់ ស្មោះឥតកល សល់ត្រង់ណា ។

៤. សូមចិត្តស្ងួន នួនអាណិត ចិត្តបងផង
បើស្នេហ៍ស្នង ផ្សងបងស្មោះ នោះមេត្តា
បង្ហាញពិត ចិត្តអូនស្ម័គ្រ ជាក់នេត្រា
ថាជីវ៉ា ចារចែងពិត ឥតបំភ្លើស ។

163537_576366539064070_2095550126_n[1]

បេះដូងបង
និពន្ធដោយ​ អឿន សុខន
២៦ មេសា ២០១៣
——–
បេះដូងបង ផ្សងជួបអូន នួនមាសស្នេហ៍
សម្រាប់តែ ថែមាសឆ្អិន មិនរបេះ
អូនមួយគត់ ស្បថរួមរឹត ឥតក្រឡាស់
ក្នុងជាតិនេះ រិះមិនរេ ឋេរមិនឃ្លាត ។

បងសន្យា ថាការពារ គ្រាអវសាន
ស្ម័គ្រស្មោះប្រាណ ក្សាន្ដសុខុម មុំវនាថ
អស់ពីចិត្ត ឥតមានកល សលើល្បិចស្នៀត
គ្រប់ៗជាតិ ទៀតជួបអូន ស្ងួនជិវិត ។

305820_575564802477577_1038266240_n[1]

កូនមាសម្ដាយអើយ

កូនមាសម្ដាយអើយ
ដោយ អឿន សុខន
———————-
១. កូនមាសម្ដាយអើយ     ដីយើងអស់ហើយ      គេយកអភិវឌ្ឍ
បើម៉ែមិនចេញ      គេដេញធាក់ទាត់      លុះត្រាម៉ែរត់      ទើបផុតជីវិត ។

២. កូនមាសម្ដាយអើយ      យុត្តិធម៌អស់ហើយ      ដុល្លារបាំងបិទ
បើយើងអ្នកក្រ      អង្វរអាណិត      គេមិនខ្វល់គិត      ឈឺក្បាលគេទេ ។

៣. កូនមាសម្ដាយអើយ      ហិនហោចអស់ហើយ      បឹងបួរទន្លេ
លើដីក្រោមដី      សុទ្ធរបស់គេ      អស់ហើយទ្រព្យកេរ       ដូនតាបន្សល់ ។

៤. កូនមាសម្ដាយអើយ      ព្រៃយើងអស់ហើយ      ដោយទមិឡដៃដល់
វាកាប់រាល់ថ្ងៃ      ប្រល័យគ្មានសល់      ចិត្ដវាពិសពល      ល្បិចកលគ្រប់ស្នៀត ។

៥. កូនមាសម្ដាយអើយ      ដីយើងតូចហើយ      លក់ឱ្យគេទៀត
សូម្បីព្រំដែន      ខ្លាចគេបៀនបៀត      ឱ្យជាតិគេវាត      ឆ្លងចូលយ៉ាងងាយ ។

៦. កូនមាសម្ដាយអើយ      វប្បធម៌បាត់ហើយ      ស្ទើរតែរលាយ
បរទេសឆ្លងចូល      ផ្សែផ្សំឡំលាយ      ជាតិគង់មហន្ដរាយ      បើមិនគិតគូរ ។

៧. កូនមាសម្ដាយអើយ      វេលាដល់ហើយ      កុំបង្អង់យូរ
បញ្ចេញមតិ      ក្លាហានតស៊ូ      ក្រោកឈរផ្លាស់ប្ដូរ      ជួយជាតិយើងវិញ ។

ចំណុចគួរពិចារណា

បកប្រែដោយ លោក អឿន សុខន

កូនប្រុស: “លោកប៉ា, តើអាចឱ្យកូនសុំសួរសំណួរមួយបានទេ ?”
ឪពុក: “បាន, តើកូនចង់សួរពីរឿងអី?”
កូនប្រុស: “លោកប៉ា, តើលោកប៉ា អាចរកប្រាក់បានប៉ុន្មាន ក្នុងមួយម៉ោង ?”
ប៉ា: “មិនមែនជារឿងដែលកូនត្រូវដឹងទេ ។  ចុះហេតុអី បានជាកូនសួរប៉ា រឿងបែបនេះទៅវិញ ?”
កូនប្រុស: “កូនគ្រាន់តែចង់ដឹងពីវា ។ សូមប៉ាប្រាប់កូនមក, តើប៉ា អាចរកប្រាក់បានប៉ុន្មាន ក្នុងមួយម៉ោង?”
ឪពុក: “បើកូនចង់ដឹងពីវាខ្លាំង, ប៉ាប្រាប់ទៅចុះ គឺប៉ាអាចរកបាន $១០០ ក្នុងមួយម៉ោង ។”
កូនប្រុស: “អូ! (កូនប្រុស អោនក្បាលចុះ)
កូនប្រុស: “លោកប៉ា, តើកូនអាចសុំខ្ចីលោកប៉ា  $៥០ សិនបានទេ ?”
ឪពុក ឆ្ងល់ណាស់ រួចតបទៅវិញៈ
ឪពុក: “បើហេតុផល ដែលឯងគ្រាន់តែសួរ ដើម្បីសុំខ្ចីលុយយើង ទៅទិញ​ល្បែង​លេង ឬក៏ របស់ឥត​បាន​ការផ្សេងទៀតនោះ, ឯងឆាប់ប្រញ៉ាប់ដើរទៅដេកនៅក្នុងបន្ទប់របស់ឯងឱ្យលឿនទៅ ។ ហើយ គិតផង ថាហេតុអីបានជាប៉ា កំណាញ់ដាក់ឯងយ៉ាងនេះ ។ ឬក៏ ប៉ាខំធ្វើការរកប្រាក់រាល់ថ្ងៃ សម្រាប់ តែមាយាទក្មេងខ្ចីដូចឯងនេះ ។”

ក្មេងតូច ដើរយ៉ាងស្ងៀមស្ងាត់ទៅកាន់បន្ទប់របស់គេ រួចក៏បិទទ្វារ ។
បុរសជាឪពុកអង្គុយចុះ ព្រមទាំងខឹងយ៉ាងខ្លាំងនូវសំណួរបស់កូនប្រុសដែលបានសួរគេ មុននេះ ។ ហេតុ​អី ក៏គេ​ហ៊ានសួរសំណួរបែបនេះ ដោយគ្រាន់តែចង់សុំលុយតែប៉ុណ្ណោះ​ ?

ប៉ុន្មានម៉ោងក្រោយមក, បុរសជាឪពុកក៏ឈប់ខឹង, ហើយចាប់ផ្ដើមគិតឡើងវិញ:
ប្រហែលជាមានរបស់អ្វីចាំបាច់ ដែលគេត្រូវការខ្លាំង ជាមួយនឹងលុយ $៥០ នេះហើយ ហើយគេ​មិនចង់សុំលុយច្រើនដងសម្រាប់ទិញវា ។ បុរសនោះ បានដើរទៅកាន់បន្ទប់កូនប្រុស រួចបើកទ្វារ ។

ឪពុក: “តើកូនគេងលក់ហើយឬនៅ, កូនប្រុស?”

កូនប្រុស: “អត់ទេប៉ា, កូនភ្ញាក់ហើយ ។”.
ឪពុក: “ប៉ាបានគិតរួចហើយ, ប្រហែលមុននេះ ប៉ារាងខឹងដាក់កូនបន្ដិច ។ នេះលុយ $៥០ ដែលកូន​សុំប៉ា ។”

ក្មេងប្រុសតូច ក្រោកអង្គុយ រួចញញឹម ។
កូនប្រុស: “អូ, កូនអរគុណណាស់លោកប៉ា!”

បន្ទាប់មក គេក៏លូកដៃចូលក្រោមខ្នើយរបស់គេ  រួចទាញយកក្រដាសប្រាក់ដ៏ខ្ញីវខ្ញូវ មួយដុំ ។ បុរស ជាឪពុកនៅពេលឃើញកូនមានលុយរួចទៅហើយ ក៏ចាប់ផ្ដើមខឹងម្ដងទៀត ។ ឯក្មេងតូច អង្គុយរាប់ លុយគេមួយៗ បន្ទាប់មកមើលទៅកាន់មុខប៉ារបស់គេ ។

ឪពុក: “កូនមានលុយរួចទៅហើយ ហេតុអីបានចង់សុំលុយប៉ាទៀត ?”

កូនប្រុស: “ដោយសារ កូនមានមិនគ្រប់, តែឥឡូវកូនមានគ្រប់ចំនួនហើយ ។ ”
“លោកប៉ា, ពេលនេះ កូនមានលុយ $១០០ ហើយ ។ តើកូនអាច​សុំទិញ​ពេលវេលា​របស់​លោកប៉ា​មួយ​ម៉ោង តើបានទេ ? កូនសូមឱ្យថ្ងៃស្អែក លោកប៉ាត្រឡប់ពីធ្វើការមុនម៉ោង ព្រោះកូនចង់​ញ៉ាំ​បាយ​ពេល​ល្ងាច​ជុំគ្នា ជាមួយលោកប៉ា ។”

ឪពុករំជួលចិត្តយ៉ាងខ្លាំង ។ គាត់បានអោបកូនប្រុសតូចរបស់គាត់យ៉ាងណែន រួចសុំឱ្យកូន​អភ័យ​ទោសអោយខ្លួន ។

វាគ្រាន់តែជាការរំឮកខ្លីមួយ សម្រាប់អ្នកទាំងអស់គ្នាដែលខិតខំ​ធ្វើការយ៉ាង​សស្រាក់​សស្រាំនៅក្នុង​ជីវិត ។  យើងមិនគួរបណ្ដោយឱ្យពេលវេលារបស់យើងកន្លងទៅ តាមរយៈ ការគិតតែពីរឿងការងារ​ រកលុយ ដោយ​មិនបានចំណាយពេលវេលាខ្លះ សម្រាប់អ្នកដែលស្រឡាញ់យើង ឬអ្នកដែលនៅ​ជិតស្និទ្ធជាមួយ​យើង​នោះទេ ។ តើអ្នកអាចចំណាយលុយ $១០០ ដែលមាន​តម្លៃស្មើ​នឹងពេល​វេលា​ធ្វើការរបស់អ្នក សម្រាប់នរណាម្នាក់ដែលអ្នកស្រឡាញ់បានទេ ? ប្រសិនបើយើងស្លាប់នៅថ្ងៃស្អែក, ក្រុមហ៊ុនដែលយើងកំពុងតែធ្វើការឱ្យនោះ ងាយនឹងប្ដូរយើងចេញ ឬបំភ្លេចយើងគ្រប់ពេល ។  ប៉ុន្ដែគ្រួសារ និង​មិត្ដ​ភក្ដិ ដែលយើងមិនដែលខ្វល់ជាមួយសោះនោះ ពួកគេប្រាកដ​ជាមានអារម្មណ៍​បាត់បង់​យើង និងសោក​ស្ដាយយើងអស់មួយ​ជីវិត ។ ដូច្នេះ ចូរគិតឡើងវិញថា តើយើង​គួរ​ប្រើ​ពេល​វេលា​របស់​យើង សម្រាប់ការងារច្រើន ឬមួយក៏គ្រួសារច្រើនជាង ។

នៅមានអ្វីផ្សេងទៀត ដែលកាន់តែសំខាន់ជាងនេះ  ^_^

ឆ្នាំចាស់កន្លង ឆ្លងចូលឆ្នាំថ្មី

បវរសួស្ដី សិរីវឌ្ឍនា

ចម្រុងចម្រើន សុខដុមរមនា

ដល់ញាតិប្រជា នៅគ្រប់ទីឋាន ។

សូមរាល់ភារកិច្ច សម្រេចជោគជ័យ

រោគាចម្រៃ សូមចាកពីប្រាណ

ជួបជុំផៅញាតិ រួម សុខក្សេមក្សាន្ដ

រកស៊ីមានបាន ថ្កើងយសថ្កើងសក្ដិ ។

ផ្សែងប្លាក